លោកពូ សុភាព ជាម្ចាស់សួនបន្លែ និងគ្រួសាររស់នៅភូមិទួលច្រេស ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ គាត់មានអាយុ ៥៨ ឆ្នាំ។ គាត់មានកូន ៤ នាក់ ក្នុងនោះ ៣ នាក់ បានរៀបការរួច និងទៅបង្កើតគ្រួសារថ្មី ។ ប្រពន្ធគាត់អាយុ ៥៦ ឆ្នាំ និងកូនប្រុសពៅរបស់គាត់អាយុ ២១ ឆ្នាំ រៀននៅសកលវិទ្យាល័យនៅក្រុងភ្នំពេញ។
ក្នុងឆ្នាំ ២០១៦ ប្រាក់ចំណូលរបស់គាត់គឺ ១៨ ដុល្លារ ក្នុងម្នាក់ក្នុងមួយខែ។ គ្រានោះពួកគាត់សំណូមពរឲ្យយើងជួយគាំទ្របច្ចេកទេសដាំបន្លែ ព្រោះគាត់មិនអាចដាំដុះបន្លែបាន។
ក្រោយពេលបុគ្គលិកបច្ចេកទេសបានចុះពិនិត្យផ្ទាល់ ឃើញថាដីដែលគាត់ទុកដាំដុះបន្លែនោះ មិនមានជីជាតិ និងលក្ខណៈអំណោយផលសម្រាប់ដាំដុះទេ ទើបអ្នកបច្ចេកទេសបានប្រឹក្សាឱ្យគាត់ កែលម្អគុណភាពដីជាមុនសិន មុននឹងធ្វើការដាំដុះ។
យើងប្រើធ្យូងអង្កាម លាយជាមួយល្បាយជីកំប៉ុសធម្មជាតិ ដែលអាចរកឃើញជុំវិញរបស់វា ដូចជាស្លឹកឈើបៃតង កាកសំណល់ផ្ទះបាយ លាមកសត្វ និងចំបើងជាដើម ដើម្បីក្រាលលើថ្នាលសួនបន្លែ និងភ្ជួររាស់។ គាត់ភ្ជួររាស់រៀងរាល់ ២ សប្តាហ៍ ហើយបន្ទាប់ពី ៣ ខែ យើងសាកល្បងដាំមួយរងសិន។ គាត់ពិតភ្ញាក់ផ្អើលណាស់ ព្រោះវាបានផ្លាស់ប្តូរខ្លាំងណាស់ បន្លែប្រែជាលូតលាស់ល្អខ្លាំង ហើយបន្ទាប់មកគាត់ពង្រីកធំជាងមុនជាបន្តបន្ទាប់។
គាត់ផ្លាស់ប្តូរពីការដាំដំណាំគ្រាន់តែហូបចុកក្នុងផ្ទះទៅជាដាំដើម្បីរកចំណូលបានជាមធ្យម ១៥ ដុល្លារក្នុងមួយថ្ងៃ ក្នុងរដូវប្រាំង និងចន្លោះពី ៨ ទៅ ១៣ ដុល្លារមួយថ្ងៃនៅរដូវភ្លៀង។ ឥឡូវនេះពួកគេមិនចាំបាច់ចំណាកស្រុកចេញទៅធ្វើការឆ្ងាយទេ ព្រោះពួកគេមានចំការបន្លែផ្ទាល់ខ្លួនដែលមានចំណូលជាប្រចាំថ្ងៃ មានមាន់ ៧០ ក្បាល (ចំណូលប្រហែល ៦០ ដុល្លារក្នុងមួយខែ) និងគោ ៧ ក្បាល។ ប្រាក់ចំណូលនេះថែមទាំងអាចផ្គត់ផ្គង់កូនប្រុសរបស់គាត់ឱ្យបន្តសាកលវិទ្យាល័យបានទៀត។ វាជាលទ្ធផលនៃគម្រោងកសិកម្មរបស់អង្គការវឌ្ឍនភាពសហគមន៍។