+855(0)965 33 33 42 info@cao-cambodia.org

លោកពូ សុភាព ជាម្ចាស់សួនបន្លែ និងគ្រួសាររស់នៅភូមិទួលច្រេស ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ គាត់មានអាយុ ៥៨ ឆ្នាំ។ គាត់​មាន​កូន ​៤ ​នាក់ ក្នុងនោះ ៣ ​នាក់ បានរៀបការ​រួច និង​ទៅ​បង្កើត​គ្រួសារ​ថ្មី ។ ប្រពន្ធ​គាត់​អាយុ ​៥៦ ​ឆ្នាំ និងកូនប្រុសពៅ​របស់គាត់​អាយុ ​២១ ​ឆ្នាំ រៀន​នៅ​សកលវិទ្យាល័យនៅក្រុង​ភ្នំពេញ​។

ក្នុងឆ្នាំ ២០១៦ ប្រាក់ចំណូលរបស់គាត់គឺ ១៨ ដុល្លារ ក្នុងម្នាក់ក្នុងមួយខែ។ គ្រានោះពួកគាត់សំណូមពរឲ្យយើងជួយគាំទ្របច្ចេកទេសដាំបន្លែ ព្រោះគាត់មិនអាចដាំដុះបន្លែបាន។

ក្រោយពេលបុគ្គលិកបច្ចេកទេសបានចុះពិនិត្យផ្ទាល់ ឃើញថាដីដែលគាត់ទុកដាំដុះបន្លែនោះ មិនមានជីជាតិ និងលក្ខណៈអំណោយផលសម្រាប់ដាំដុះទេ ទើបអ្នកបច្ចេកទេសបានប្រឹក្សាឱ្យគាត់ កែលម្អគុណភាពដីជាមុនសិន មុននឹងធ្វើការដាំដុះ។

យើងប្រើធ្យូងអង្កាម លាយជាមួយល្បាយជីកំប៉ុសធម្មជាតិ ដែលអាចរកឃើញជុំវិញរបស់វា ដូចជាស្លឹកឈើបៃតង កាកសំណល់ផ្ទះបាយ លាមកសត្វ និងចំបើងជាដើម ដើម្បីក្រាលលើថ្នាលសួនបន្លែ និងភ្ជួររាស់។ គាត់ភ្ជួររាស់រៀងរាល់ ២ សប្តាហ៍ ហើយបន្ទាប់ពី ៣ ខែ យើងសាកល្បងដាំមួយរងសិន។ គាត់ពិតភ្ញាក់ផ្អើលណាស់ ព្រោះវាបានផ្លាស់ប្តូរខ្លាំងណាស់ បន្លែប្រែជាលូតលាស់ល្អខ្លាំង ហើយបន្ទាប់មកគាត់ពង្រីកធំជាងមុនជាបន្តបន្ទាប់។

គាត់ផ្លាស់ប្តូរពីការដាំដំណាំគ្រាន់តែហូបចុកក្នុងផ្ទះទៅជាដាំដើម្បីរកចំណូលបានជាមធ្យម ១៥ ដុល្លារក្នុងមួយថ្ងៃ ក្នុងរដូវប្រាំង និងចន្លោះពី ៨ ទៅ ១៣ ដុល្លារមួយថ្ងៃនៅរដូវភ្លៀង។ ឥឡូវ​នេះ​ពួក​គេ​មិន​ចាំបាច់​ចំណាកស្រុកចេញ​ទៅ​ធ្វើ​ការឆ្ងាយ​ទេ ព្រោះ​ពួក​គេ​មាន​ចំការ​បន្លែផ្ទាល់ខ្លួនដែលមានចំណូលជាប្រចាំថ្ងៃ មានមាន់ ៧០ ក្បាល (ចំណូល​ប្រហែល ៦០ ដុល្លារ​ក្នុង​មួយ​ខែ) និង​គោ ៧ ក្បាល។ ប្រាក់​ចំណូល​នេះ​ថែមទាំងអាច​ផ្គត់ផ្គង់​កូនប្រុស​របស់​គាត់​ឱ្យ​បន្ត​សាកលវិទ្យាល័យបានទៀត​។ វាជាលទ្ធផលនៃគម្រោងកសិកម្មរបស់អង្គការវឌ្ឍនភាពសហគមន៍។