+855(0)965 33 33 42 info@cao-cambodia.org

កន្និកា ជា​ក្មេង​ស្រី​តូច​មួយ​មាន​ទម្ងន់​ប្រហែល ៥ គីឡូក្រាម។ ឪពុកម្តាយក្រីក្រមិនអាចបញ្ជូននាងទៅមន្ទីរពេទ្យបានទេ ព្រោះគ្មានលុយ។ ពួកគេថែមទាំងមិនអាចផ្តល់ទឹកដោះគោគ្រប់គ្រាន់ឱ្យនាងបៅទៀតផង។ នាងរស់នៅជាមួយបេះដូងចំហ ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ជំងឺខ្សោយបញ្ញា និងកង្វះអាហារូបត្ថម្ភ (តាមរោគវិនិច្ឆ័យរបស់វេជ្ជបណ្ឌិត)។ ដំបូង អង្គការវឌ្ឍនភាពសហគមន៍បានឧបត្ថម្ភ 50ដុល្លារ សម្រាប់ការធ្វើដំណើរ និងពិនិត្យសុខភាពនៅភ្នំពេញ។ បន្ទាប់ពីពិភាក្សារវាង អង្គការវឌ្ឍនភាពសហគមន៍ និងក្រុមគ្រួសាររបស់នាងរួចមក ពួកយើងសម្រេចចិត្តបង្ហោះពីស្ថានភាពរបស់នាងនៅលើ Facebook ដើម្បីរៃអង្គាសប្រាក់ ជួយព្យាបាលនាងនៅភ្នំពេញ។ ការព្យាបាលរបស់នាងនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាគឺមិនគិតថ្លៃទេ ប៉ុន្តែពួកគាត់ត្រូវចំណាយលើថ្លៃអាហារ និងសម្ភារៈផ្សេងៗ។ ជំងឺ​របស់​នាង​មាន​សភាព​រ៉ាំរ៉ៃ​ខ្លាំង ដូច្នេះ​នាង​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ​យូរ​ដើម្បី​ព្យាបាល​ជំងឺ​ផ្លូវដង្ហើម​ជាមុន​។ ទោះជំងឺខ្សោយបញ្ញាមិនអាចព្យាបាលបាន ប៉ុន្តែយ៉ាងហោចណាស់នាងអាចមានជីវិតរស់នៅបន្ត ហើយឪពុកម្តាយរបស់នាងនឹងអាចយល់ពីរបៀបបង្ហាត់នាងឱ្យរស់នៅជាមួយអ្នកដទៃបានពីអ្នកជំនាញ។ នៅពេលដែលរោគសញ្ញាផ្សេងទៀតបានធូរស្បើយ ពួកគេនឹងចាប់ផ្តើមដំណើរការបេះដូងរបស់នាង។ នាងស្នាក់នៅមន្ទីរពេទ្យប្រហែលមួយខែកន្លះ។

យើង​ក៏​បាន​កៀរគថវិកាបាន ២០០ ដុល្លារ​ពី Facebook ដើម្បី​ជួយបន្ធូរ ការ​ចំណាយលើ​ទឹកដោះ​ អាហារ និងសម្ភារផ្សេងៗកំឡុងពេលសម្រាកព្យាបាលនៅ​មន្ទីរពេទ្យ។ រាល់ការបរិច្ចាគតាមរយៈ Facebook និងការគាំទ្រពី CAO គឺមិនគ្រប់គ្រាន់ទេ គ្រាន់តែជាចំណែកមួយប៉ុណ្ណោះ ប៉ុន្តែឪពុករបស់នាងតែងតែព្យាយាមយ៉ាងខ្លាំងដែរ។ បន្ទាប់ពីបញ្ចប់ការព្យាបាល និងវះកាត់ដោយជោគជ័យ ថ្ងៃនេះនាងធូរស្បើយច្រើន ដកដង្ហើមបានស្រួល និងឡើងទម្ងន់។ នាង​មាន​ទឹកដោះគោ​គ្រប់គ្រាន់​សម្រាប់​បៅ ហើយ​ឪពុកម្តាយ​តែងតែនាំ​នាង​ត្រឡប់​ទៅ​ជួប​គ្រូពេទ្យ​តាម​ការ​ណាត់ជួប​នៅ​ភ្នំពេញ​។ ជាចុងក្រោយ ម្តាយរបស់នាង សប្បាយចិត្តខ្លាំងណាស់ ដែលឃើញ កន្និកា មានសុខភាពល្អ ហើយគាត់ក៏សូមថ្លែងអំណរគុណ ដល់ម្ចាស់ជំនួយទាំងអស់ដែលបានជួយឧត្ថម្ភកូនគាត់ ទាំងតាមរយៈ Facebook អង្គការ និងមន្ទីរពេទ្យគន្ធបុប្ផា ដែលបានបរិច្ចាគ និងព្យាបាលជំងឺជូនកូនស្រី ដោយមិនគិតថ្លៃ។ គាត់នឹងចងចាំ​សកម្មភាព​នេះ​ក្នុង​ចិត្ត​ ហើយ​ជូនពរ​អ្នក​រាល់​គ្នា​ឲ្យ​បាន​ជោគជ័យគ្រប់ភារៈកិច្ច។