
បុរសអាយុ ៣៦ ឆ្នាំ លោក ពៅ ប៊ី ជាអតីតកម្មករសំណង់នៅភ្នំពេញ។ ភរិយារបស់គាត់ធ្វើការជាកម្មរោងចក្រកាត់ដេរនៅក្រុងបាវិត។ ពួកគាត់មានកូន ២នាក់ កំពុងរៀនថ្នាក់ទី ៧ និងទី ៣ ។ ពួកគេរស់នៅភូមិស្វាយរូង ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។ នៅពេលដែលជំងឺឆ្លងរាតត្បាតកូវីដ ១៩ បានមកដល់ប្រទេសកម្ពុជា គាត់បានចាប់ផ្តើមបាត់បង់ការងារ និងវិលត្រឡប់មកផ្ទះវិញ ហើយប្រពន្ធរបស់គាត់ក៏ទទួលបានការងារតិចដែរ ពីព្រោះគ្មានការបញ្ជាទិញ ពេលខ្លះត្រូវសម្រាក់នៅផ្ទះដោយទទួលប្រាក់ឈ្នួលបន្តិចបន្តួច។
កសិករ ពៅ ប៊ី បានព្យាយាមដាំត្រសក់តាមវិធីផ្ទាល់ខ្លួននៅជាប់នឹងផ្ទះតែវាមិនសូវទទួលផលល្អទេ ដូច្នេះគាត់មិនចង់បន្តទេ ហើយចង់បោះបង់ចោល។ ដោយចៃដន្យ លោក ផាន្នី អ្នកជំនាញផ្នែកដាំដុះនៃអង្គការវឌ្ឍនភាពសហគមន៍បានរៀបចំទស្សនកិច្ចកសិករលើគំរូបង្ហាញ ដោយបានអញ្ជើញកសិករដែលធ្លាប់ដាំបន្លែតាមរយៈអាជ្ញាធរភូមិ ចុះទៅសិក្សានៅទីតាំងគំរូដាំដុះបន្លែផ្ទាល់ ពេលកសិករ ពៅ ប៊ី ក៏បានចូលរួមដែរ ហើយកសិករគំរូក៏បានពន្យល់អំពីវិធីសាស្រ្ត និងបច្ចេកទេសថ្មីមួយចំនួនដែលគាត់ធ្លាប់អនុវត្តន៍លើចម្ការបន្លែ។ គាត់បានមើល ហើយបានចាប់អារម្មណ៍នឹងការងារនេះ។ ពេលនោះ គាត់បានទៅផ្សារនៅទីរួមខេត្តស្វាយរៀង ទិញគ្រាប់ពូជ និងសម្ភារៈមួយចំនួនទៀត សម្រាប់ចាប់ផ្តើមដាំត្រសក់ជាថ្មី។ គាត់បានធ្វើតាមការណែនាំរបស់លោក ផាន្នី និងកសិករគំរូរបស់យើង។
គាត់ចាប់ផ្តើមប្រមូលផលត្រសក់របស់គាត់នៅចម្ការរហូតដល់ ៣០ ថ្ងៃ ហើយយកផលត្រសក់ទៅលក់នៅតូបលក់បន្លែតាមភូមិ និងផ្សារក្នុងស្រុកដោយខ្លួនឯង។ ផលិតផលរបស់គាត់មានប្រជាប្រិយភាពខ្លាំងនៅលើទីផ្សារ ពីព្រោះវាបានដាំដុះនៅក្នុងស្រុក ស្រស់ល្អ និងជាបន្លែសុវត្ថិភាព។


បន្ទាប់ពីឃើញដំណាំនេះងាយស្រួលលក់ និងចេះវិធីសាស្រ្តដាំបានល្អ គាត់ចាប់ផ្តើមបង្កើនទំហំដីរហូតដល់ ២០០០ម២ គាត់ដាំដំណាំជាច្រើនដូចជា ត្រសក់ សណ្តែកកួរ ល្ពៅ ននោង សាឡាត់ និងស្ពៃ។
គាត់តែងតែពិគ្រោះយោបល់ជាមួយលោក ផាន្នី និង លោកសុភ័ណ្ឌ ចំពោះបញ្ហានានាដែលគាត់បានជួបប្រទះក្នុងដំណើរការដាំដុះ។ គាត់ជាមនុស្សចូលចិត្តចែករំលែកបទពិសោធន៍នេះដល់កសិករផ្សេងៗ ដែលចង់បានបច្ចេកទេសដាំដុះក្នុងន័យបង្កើនផលិតផលក្នុងស្រុក។ សព្វថ្ងៃគាត់ក្លាយជាកសិករជោគជ័យ ហើយគាត់ដាំនៅជុំវិញផ្ទះរបស់គាត់។ វាមិនមានទំហំទេ ប៉ុន្ដែវាអាចបង្កើតការងារលើដីរបស់គាត់ ដោយទទួលបានចំណូលជាមធ្យមប្រហែល ៥ ម៉ឺនរៀលក្នុងមួយថ្ងៃ។ នេះបានធ្វើឱ្យគាត់សប្បាយចិត្ត និងមានឆន្ទៈបញ្ជូនកូនពីរនាក់ទៅសាលារៀន ហើយក្តីសុបិន្តរបស់គាត់គឺ បញ្ជូនពួកគេទៅសាកលវិទ្យាល័យ។