វិសាល ជាសិស្សក្រីក្រ រៀនថ្នាក់ទី១២ មកពីវិទ្យាល័យមួយក្នុងស្រុករំដួល ជាសិស្សដែលទទួលបានអាហារូបករណ៍ពីអង្គការវឌ្ឍនភាពសហគមន៍។ គាត់ត្រូវជិះកង់ប្រហែល ៣០ នាទី ពីផ្ទះទៅសាលា។ គាត់ជាសិស្សល្អមកពីគ្រួសារក្រីក្រកម្រិត II ។ ឪពុកគាត់បានធ្វើចំណាកស្រុកទៅឆ្ងាយពីផ្ទះដើម្បីរកប្រាក់ (ជាងសំណង់) នៅភ្នំពេញ។ គាត់រស់នៅក្នុងផ្ទះតូចមួយជាមួយម្ដាយ និងបងប្អូនពីរនាក់ទៀត។ ឪពុកម្តាយរបស់គាត់មានអាយុជិត 50 ឆ្នាំ។ ពួកគេមានដី ៣៥០០ ម៉ែត្រការ៉េ ប៉ុណ្ណោះ សម្រាប់ធ្វើស្រែវស្សា។
គម្រោងរបស់អង្គការ Mekong Plus និងអង្គការវឌ្ឍនភាពសហគមន៍ បានផ្ដល់នូវអាហារូបករណ៍ 35$/ឆ្នាំ សម្រាប់រយៈពេល 3 ឆ្នាំនៅពេលគាត់រៀននៅវិទ្យាល័យសម្រាប់ជួយសម្រួលការចំណាយលើសម្ភារៈសិក្សារបស់សិស្សានុសិស្សក្រីក្រដែលខ្វះលទ្ធភាព។ បុគ្គលិកគម្រោងក៏តែងតែបានជួបពិភាក្សា និងផ្តល់ការប្រឹក្សា ដើម្បីជាប្រយោជន៍ដល់ការអប់រំ និងជំរុញទឹកចិត្តគាត់ និងសិស្សានុសិស្សក្រីក្រដទៃទៀតឱ្យខិតខំរៀនសូត្រ គឺមានតែចំណេះវិជ្ជាទេដែលអាចផ្លាស់ប្តូរជីវភាពគ្រួសារឱ្យល្អប្រសើរបាន។
បន្ទាប់ពីបញ្ចប់វិទ្យាល័យនៅចុងឆ្នាំ 2019 វិសាលបានទទួលអាហារូបករណ៍ពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងសម្រាប់ជំនាញអគ្គិសនី។ សព្វថ្ងៃបន្ទាប់ពីបញ្ចប់ការសិក្សា វិសាល កំពុងធ្វើការនៅកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ហើយគាត់ក៏បានសិក្សាជំនាញបន្ថែមមួយគឺការគ្រប់គ្រងនៅសាកលវិទ្យាល័យស្វាយរៀង។ វិសាលបានជួយឧបត្ថម្ភមួយផ្នែកនៃប្រាក់បៀវត្សរ៍របស់គាត់ដល់ការសិក្សារបស់បងប្រុស និងបងស្រីរបស់គាត់នៅវិទ្យាល័យ និងឪពុកម្តាយរបស់គាត់។
គាត់ចង់ផ្ញើសារថា “អរគុណច្រើនចំពោះគម្រោងអង្គការ Mekong Plus និងអង្គការវឌ្ឍនភាពសហគមន៍ ដែលបានជួយគាំទ្រខ្ញុំនូវអាហារូបករណ៍ និងដំបូន្មានល្អៗ។ បើថ្ងៃនោះខ្ញុំឈប់រៀនដោយសារតែក្រ ប្រហែលបងប្អូនខ្ញុំទាំងអស់ក៏នឹងឈប់ដែរ។ អាហារូបករណ៍របស់អ្នកបានផ្លាស់ប្តូរអនាគតរបស់ខ្ញុំ”។ ខ្ញុំសូមជូនពរឱ្យអ្នកនៅបន្តបេសកម្មបានយូរអង្វែងដើម្បីជួយដល់សិស្សានុសិស្សផ្សេងៗទៀតមកពីគ្រួសារក្រីក្រ។