ម៉ានសា គឺជាក្មេងស្រីក្រីក្រម្នាក់រស់នៅជាមួយម្តាយដែលជាស្រ្តីម៉េម៉ាយ និងបងប្អូនពីរនាក់ទៀត។ ម្ដាយរបស់នាងកំពុងខិតខំប្រឹងប្រែខ្លាំងណាស់ក្នុងការចិញ្ចឹមបីបាច់កូនបីនាក់តែម្នាក់ឯង ដោយគ្មានការឧបត្ថម្ភពីស្វាមី។ ពួកគេរស់នៅដោយមានប្រាក់ចំណូលតិចតួចពីស្រែ ហើយចិញ្ចឹមមេមាន់ពីរបីក្បាល និងគោប្រវ៉ាស់អ្នកជិតខាងមួយក្បាល។ ពេលខ្លះអ្នកមីងចង់បោះបង់ចោល និងបញ្ឈប់កូន ៗ ពីសាលា ព្រោះអ្នកមីងមិនមានជំនាញអ្វីផ្សេងដើម្បីធ្វើការរកលុយ ទិន្នផលស្រូវក៏មិនល្អដូចដែលគេរំពឹងទុក និងការចិញ្ចឹមមាន់មិនសូវបានជោគជ័យ តែងតែខាត់ និងតែងតែងាប់មួយឆ្នាំពីរបីដង។
ដោយចៃដន្យ ក្រុមការងាររបស់អង្គការវឌ្ឍនភាពសហគមន៍ (ជាអង្គការមួយប្រសូត្រពីអង្គការមេគង្គផ្លាស) បានធ្វើការបណ្តុះបណ្តាលសហគមន៍នៅក្នុងភូមិរបស់ប្អូនស្រី។ ម្តាយរបស់ប្អូនស្រីគឺ អ្នកមីងសុភាព បានចូលរួម និងលើកឡើងនូវសំណួរជាច្រើនទាក់ទងនឹងសត្វមាន់ ហើយក្រុមការងារបានចុះទៅសិក្សាផ្ទាល់ដល់គ្រួសាររបស់ប្អូនស្រី និងធ្វើការពិភាក្សា។ ក្នុងឆ្នាំ ២០១៧ យើងឃើញថាប្រាក់ចំណូលរបស់គ្រួសារនេះ គឺប្រហែល ៤៨,០០០រៀល/នាក់/ ខែ តែប៉ុណ្ណោះ។ យើងបានផ្តល់ជូនគ្រួសារនេះនូវកញ្ចប់ទុនបង្វិលតូចមួយចំនួន ២០០,០០០រៀល ទិញសម្រាប់ចំណីមាន់ និងទិញមេមាន់ពីរបីក្បាលបន្ថែមទៀត។ មួយខែក្រោយមកមេមាន់ចាប់ផ្ដើមផ្ដល់ស៊ុត និងញាស់នៅក្នុងខែបន្ទាប់។ ជាមួយនឹងបច្ចេកទេសថ្មីអ្នកមីងអាចថែរក្សាកូនមាន់ និងចិញ្ចឹមបានល្អ។ ប្រាក់ចំណូលថ្មីរបស់អ្នកមីង ពីការលក់មាន់ក៏ត្រូវបានចាប់ផ្ដើម ហើយបានកើនឡើងជាបន្ទាប់ ។ ឆ្នាំ ២០១៧-២០១៩ ដោយមើលឃើញការប្តេជ្ញាចិត្តរបស់ ប្អូនស្រីម៉ាន់សា គម្រោងរបស់អង្គការវឌ្ឍនភាពសហគមន៍ ក៏បានឧបត្ថម្ភដល់នូវអាហារូបករណ៍សម្រាប់សិក្សាបន្ថែមសម្រាប់ថ្នាក់ក្រៅម៉ោងលើមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា និងអក្សរសាស្ត្រខ្មែរ។ ប្អូនស្រីបានខិតខំរៀនសូត្រ ហើយតែងតែជួយការងារម្តាយក្រោយពេលចេញពីសាលារៀន។
សព្វថ្ងៃនេះ ប្រាក់ចំណូលរបស់គ្រួសារប្អូនស្រី បានបង្កើនដល់ ១៣២,០០០រៀល/នាក់/ខែ ដែលទទួលបានពីការខិតខំប្រឹងប្រែងយ៉ាងមមាញឹករបស់អ្នកមីងជាម្តាយជាមួយចិញ្ចឹមមាន់ និងការងារស្រែចំការ។ អ្នកមីងសុភាព គឺជាម្តាយដ៏ល្អដែលបានផ្ដល់ភាពកក់ក្ដៅ សុភមង្គល និងក្តីសង្ឃឹមដល់កូនៗ។
អ្វីដែលជាមោទនភាពនោះគឺ កាលពីឆ្នាំមុន ប្អូនស្រីម៉ានសា បានប្រឡងជាប់សញ្ញបត្រមធ្យមសិក្សាទុតិយភូមិដោយទទួលបានសមិទ្ធិផលល្អប្រសើរគឺ និទេស C ហើយសំរេចចិត្តសិក្សាបន្តជំនាញគណនេយ្យនៅភ្នំពេញ ។ ការសិក្សាររបស់ប្អូនស្រី ជាសិស្សក្រីក្រត្រូវសិក្សាបណ្ដើរ និងធ្វើការងារក្រៅម៉ោងបណ្ដើរ ដើម្បីសម្រាលបន្ទុកចំណាយ របស់គ្រួសារលើការស្នាក់នៅ ហូបចុក សម្ភារសិក្សា និងបង់ថ្លៃសាលាជាដើម ក្នុងប្អូនស្រីបានរៀននៅពេលថ្ងៃ និងធ្វើជាអ្នករត់តុនៅភោជនីដ្ឋាននៅពេលយប់។ ប្អូនស្រីបាននិយាយ ថានាងសប្បាយចិត្តណាស់ចំពោះអ្វីដែលនាងមាន មិនបានបាក់ទឹកចិត្តដោយខ្លួនជាកូនកំព្រាក្រីក្រ និងបានខិតខំជម្នះឧបសគ្គជា ច្រើនដើម្បីការសិក្សា នាងក៏បានថ្លែងអំណគុណដល់អ្នកម្ដាយរបស់ប្អូន និងអង្គការវឌ្ឍនភាពសហគមន៍ដែលបានជួយជម្រុញ និងឧបត្ថម្ភដល់ការសិក្សារបស់នាង។