កន្និកា ជាក្មេងស្រីតូចមួយមានទម្ងន់ប្រហែល ៥ គីឡូក្រាម។ ឪពុកម្តាយក្រីក្រមិនអាចបញ្ជូននាងទៅមន្ទីរពេទ្យបានទេ ព្រោះគ្មានលុយ។ ពួកគេថែមទាំងមិនអាចផ្តល់ទឹកដោះគោគ្រប់គ្រាន់ឱ្យនាងបៅទៀតផង។ នាងរស់នៅជាមួយបេះដូងចំហ ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ជំងឺខ្សោយបញ្ញា និងកង្វះអាហារូបត្ថម្ភ (តាមរោគវិនិច្ឆ័យរបស់វេជ្ជបណ្ឌិត)។ ដំបូង អង្គការវឌ្ឍនភាពសហគមន៍បានឧបត្ថម្ភ 50ដុល្លារ សម្រាប់ការធ្វើដំណើរ និងពិនិត្យសុខភាពនៅភ្នំពេញ។ បន្ទាប់ពីពិភាក្សារវាង អង្គការវឌ្ឍនភាពសហគមន៍ និងក្រុមគ្រួសាររបស់នាងរួចមក ពួកយើងសម្រេចចិត្តបង្ហោះពីស្ថានភាពរបស់នាងនៅលើ Facebook ដើម្បីរៃអង្គាសប្រាក់ ជួយព្យាបាលនាងនៅភ្នំពេញ។ ការព្យាបាលរបស់នាងនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាគឺមិនគិតថ្លៃទេ ប៉ុន្តែពួកគាត់ត្រូវចំណាយលើថ្លៃអាហារ និងសម្ភារៈផ្សេងៗ។ ជំងឺរបស់នាងមានសភាពរ៉ាំរ៉ៃខ្លាំង ដូច្នេះនាងត្រូវសម្រាកនៅមន្ទីរពេទ្យយូរដើម្បីព្យាបាលជំងឺផ្លូវដង្ហើមជាមុន។ ទោះជំងឺខ្សោយបញ្ញាមិនអាចព្យាបាលបាន ប៉ុន្តែយ៉ាងហោចណាស់នាងអាចមានជីវិតរស់នៅបន្ត ហើយឪពុកម្តាយរបស់នាងនឹងអាចយល់ពីរបៀបបង្ហាត់នាងឱ្យរស់នៅជាមួយអ្នកដទៃបានពីអ្នកជំនាញ។ នៅពេលដែលរោគសញ្ញាផ្សេងទៀតបានធូរស្បើយ ពួកគេនឹងចាប់ផ្តើមដំណើរការបេះដូងរបស់នាង។ នាងស្នាក់នៅមន្ទីរពេទ្យប្រហែលមួយខែកន្លះ។
យើងក៏បានកៀរគថវិកាបាន ២០០ ដុល្លារពី Facebook ដើម្បីជួយបន្ធូរ ការចំណាយលើទឹកដោះ អាហារ និងសម្ភារផ្សេងៗកំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ រាល់ការបរិច្ចាគតាមរយៈ Facebook និងការគាំទ្រពី CAO គឺមិនគ្រប់គ្រាន់ទេ គ្រាន់តែជាចំណែកមួយប៉ុណ្ណោះ ប៉ុន្តែឪពុករបស់នាងតែងតែព្យាយាមយ៉ាងខ្លាំងដែរ។ បន្ទាប់ពីបញ្ចប់ការព្យាបាល និងវះកាត់ដោយជោគជ័យ ថ្ងៃនេះនាងធូរស្បើយច្រើន ដកដង្ហើមបានស្រួល និងឡើងទម្ងន់។ នាងមានទឹកដោះគោគ្រប់គ្រាន់សម្រាប់បៅ ហើយឪពុកម្តាយតែងតែនាំនាងត្រឡប់ទៅជួបគ្រូពេទ្យតាមការណាត់ជួបនៅភ្នំពេញ។ ជាចុងក្រោយ ម្តាយរបស់នាង សប្បាយចិត្តខ្លាំងណាស់ ដែលឃើញ កន្និកា មានសុខភាពល្អ ហើយគាត់ក៏សូមថ្លែងអំណរគុណ ដល់ម្ចាស់ជំនួយទាំងអស់ដែលបានជួយឧត្ថម្ភកូនគាត់ ទាំងតាមរយៈ Facebook អង្គការ និងមន្ទីរពេទ្យគន្ធបុប្ផា ដែលបានបរិច្ចាគ និងព្យាបាលជំងឺជូនកូនស្រី ដោយមិនគិតថ្លៃ។ គាត់នឹងចងចាំសកម្មភាពនេះក្នុងចិត្ត ហើយជូនពរអ្នករាល់គ្នាឲ្យបានជោគជ័យគ្រប់ភារៈកិច្ច។